A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 28 February 2014

Former Australian foreign minister accuses Hun Sen as the world's most corrupt leader អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ចោទ​លោក ហ៊ុន សែន ថា​ជា​មេ​ដឹក​នាំ​ពុក​រលួយ​ស្ទើរ​ផុត​លេខ

ដោយ ជុន ច័ន្ទបុត្រ 2014-02-27. Read in English here.
ហ្គារ៉េត អេវ៉ាន (Gareth Evans) ៦១០
អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ្គារ៉េត អេវ៉ាន (Gareth Evans)។
Photo courtesy of gevans.org
អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ប្រសាសន៍​ថា លោក​ទ្រាំ​លែង​បាន​នឹង លោក ហ៊ុន សែន ទៀត​ហើយ។ នៅ​ក្នុង​បទ​និពន្ធ​របស់​លោក​មួយ ដែល​ចុះ​ផ្សាយ​លើ​ទំព័រ​ទស្សនៈ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ប្រើ​សម្ដី​ធ្ងន់ៗ​ចោទ លោក ហ៊ុន សែន ថា​ជា​មេ​ដឹក​នាំ​ផ្តាច់​ការ មេ​ដឹក​នាំ​ពុក​រលួយ​ស្ទើរ​ផុត​លេខ ហើយ​លោក​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ បក​អាក្រាត​អំពើ​ទាំង​នោះ​ដោយ​ចេញ​មុខ និង​អោយ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​អំពើ​រំលោភ​បំពាន​ទាំង​អំបាលម៉ាន​ពី​សំណាក់ លោក ហ៊ុន សែន និង​ដៃ​ជើង​របស់ លោក ហ៊ុន សែន។
លោក ជុន ច័ន្ទបុត្រ សូម​ប្រែ​សម្រួល​អត្ថបទ​នេះ​ទាំង​ស្រុង​ជូន​លោក​អ្នក​នាង​ដូច​ត​ទៅ៖
រដ្ឋាភិបាល​កម្ពុជា បាន​គេច​ខ្លួន​រួច​ទៀត​ហើយ​ពី​ការ​សម្លាប់​មនុស្ស។ នោះ​មិន​មែន​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ដូច​ដែល​បាន​បង្ក​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម នៅ​ទសវត្ស​៧០ នោះ​ទេ។ ហើយ​ក៏​មិន​មែន​ដូច​ការ​សម្លាប់​មនុស្ស​ដែល​កំពុង​តែ​កើត​មាន​ដូច​នៅ​ប្រទេស​ស៊ីរី ឬ​ក៏​ដូច​អ្វី​ដែល​កើត​ឡើង​នៅ​ប្រទេស​អ៊ុយក្រែន វេណេហ្ស៊ុយអេឡា ថៃ បង់ក្លាដេស ដែល​យើង​ឃើញ​លើ​ទំព័រ​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នោះ​ទេ។ តែ​ទោះ​ជា​ទម្រង់​ណា​ក៏ដោយ ការ​សម្លាប់​មនុស្ស គឺ​ជា​ការ​សម្លាប់​មនុស្ស ពលរដ្ឋ​កម្ពុជា ត្រូវ​ក្រុម​ប្រដាប់​អាវុធ​តម្រង់​ចុង​កាណុង​បាញ់​សម្លាប់​តែ​ម្តង។
កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា កន្លង​ទៅ​នេះ កម្មករ​រោងចក្រ​កាត់​ដេរ ៥​នាក់ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ ដែល​អាច​អោយ​ពួក​គាត់​អាច​រស់​នៅ​សមរម្យ​បាន។ មនុស្ស​ជាច្រើន​ទៀត​រង​របួស ដោយសារ​គ្រាប់​កាំភ្លើង និង​ដោយសារ​ការ​វាយ​ដំ។ ជាង ២០​នាក់​ទៀត ត្រូវ​គេ​ចាប់​ដាក់​គុក​ដោយ​មិន​មាន​ការ​កាត់​ក្តី។ ហើយ​អំពើ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​អ្នក​ធ្វើ​បាតុកម្ម​ចំពោះ​ការ​បោះ​ឆ្នោត ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​បាន​គ្រប​ដណ្ដប់​ជីវភាព​នយោបាយ​កម្ពុជា អស់​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ ឈ្នះ​ជា​ថ្មី​ម្តង​ទៀត។
ការ​សម្លាប់​មនុស្ស​នា​ពេល​ថ្មីៗ​នេះ ធ្វើ​អោយ​គេ​នឹក​ឃើញ​ឡើង​វិញ​នូវ​បែប​ផែន​សម្លាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នយោបាយ ដែល​កើត​ឡើង​ញឹកញាប់​ពេក​ណាស់​នៅ​កម្ពុជា នៅ​រាល់​ដំណាក់​កាល​សំខាន់ៗ​មួយ​ចំនួន ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ ទោះ​បី​ជា​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មិន​គ្រាន់​តែ​មាន​គោល​បំណង​នាំ​សន្តិភាព​ដល់​កម្ពុជា ទេ តែ​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជូន​ប្រជាជាតិ​មួយ ដែល​រង​ទុក្ខ​វេទនា​ជា​យូរ​មក​ហើយ​នោះ​ផង​ដែរ។ គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភពលោក​យើង​នេះ សម​នឹង​ទទួល​បាន​ចំណុច​ទាំង​បី​នេះ​ដូច​ជា​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ហែកហួរ​អស់​រយៈពេល​ពីរ​ទសវត្ស ដោយសារ​ការ​ទម្លាក់​គ្រប់​បែក​អាមេរិកាំង ដោយសារ​សង្គ្រាម​ស៊ីវិល ដោយសារ​ការ​ប្រល័យ​ពូជ​សាសន៍​នៃ​របប​ដ៏​ព្រៃផ្សៃ​នៃ​ពួក​ខ្មែរ​ក្រហម ដោយសារ​ការ​ឈ្លាន​ពាន​របស់​វៀតណាម ហើយ​និង​ដោយសារ​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ម្តង​ទៀត ដែល​ជា​លទ្ធផល​បាន​សម្លាប់​មនុស្ស​ប្រមាណ ២​លាន​នាក់​នោះ​ទេ។
មាន​សេចក្តី​សង្ឃឹម​ខ្ពស់​ណាស់​ថា ប្រទេស​កម្ពុជា អាច​នឹង​ដើរ​លើ​មាគ៌ា​ផ្លាស់​ប្ដូរ​មួយ​តាម​ផែន​ការ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​នាំ​អោយ​មាន​កង​កម្លាំង​រក្សា​សន្តិភាព​ដ៏​ធំ​សម្បើម និង​មាន​ការ​បោះ​ឆ្នោត​មួយ​ដ៏​មាន​សន្តិភាព​នៅ​ឆ្នាំ​១៩៩៣។
សេចក្តី​សង្ឃឹម​ទាំង​នោះ​សម្រេច​បាន​ផ្នែក​ខ្លះ។ របប​ខ្មែរ​ក្រហម​ត្រូវ​សាបរលាប ហើយ​គ្រោះ​ថ្នាក់​ពី​សង្គ្រាម​ស៊ីវិល​ក៏​ថមថយ​តាម​នោះ​ដែរ។ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​បាន​ជំនួយ​ដ៏​រឹងមាំ​ពី​បរទេស និង​ពី​ការ​បណ្ដាក់​ទុន​របស់​ចិន បាន​កើន​ឡើង ថ្វីត្បិត​តែ​នៅ​ដើរ​មិន​ទាន់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ព្រម​ទាំង​នៅ​មាន​កង្វល់​ពី​អំពើ​ពុក​រលួយ និង​អស្ថិរភាព​នយោបាយ ដែល​បញ្ចៀស​មិន​អោយ​កម្ពុជា ឈាន​ដល់​សក្ដានុពល​ភាព​ពេញលេញ​បាន​ក៏ដោយ​ចុះ។
ក៏ប៉ុន្តែ ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ​មក មិន​បាន​ល្អ​ទេ។ ការ​គប់​គ្រាប់​បែក​លើ​ក្បួន​បាតុកម្ម​ដឹក​នាំ​ដោយ លោក សម រង្ស៊ី កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៧ បាន​សម្លាប់​មនុស្ស​អស់ ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ នៅ​ខែ​កក្កដា ឆ្នាំ​នោះ​ដែរ ក្រោយ​ពី​មាន​ការ​ចែក​អំណាច​ដ៏​ស្មុគស្មាញ​ជាមួយ​ទ្រង់ រណឫទ្ធិ នៃ​គណបក្ស​រាជា​និយម លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ដែល​អ្នក​ប្រឆាំង​នឹង​លោក​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​បរទេស អ្នក​ខ្លះ​ត្រូវ​គេ​ចាប់​ខ្លួន អ្នក​ខ្លះ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម អ្នក​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់​ចោល ដោយ​គ្មាន​ឆ្លង​កាត់​ការ​កាត់​ទោស​តាម​ច្បាប់​អ្វី​ទាំងអស់។
ក៏ប៉ុន្តែ រឿងរ៉ាវ​ទាំងអស់​នេះ​មិន​សូវ​ទទួល​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ប៉ុន្មាន​ទេ។ នេះ​មក​ពី លោក ហ៊ុន សែន មាន​នៅ​សល់​ធនធាន​នយោបាយ​គ្រប់គ្រាន់​លើ​ឆាក​អន្តរជាតិ ពី​ការ​ដែល​គាត់​បាន​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម និង​តួនាទី​របស់​គាត់​ក្នុង​ដំណើរ​ការ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ទន្ទឹម​គ្នា​នោះ​ដែរ លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា នៅ​មាន​គុណ​វិបត្តិ​ច្រើន ហើយ​ខាង​មេ​ដឹក​នាំ​ខាង​រាជា​និយម​ឯណោះ​វិញ ត្រូវ​គេ​មើល​ឃើញ​ថា អសមត្ថភាព។ ម៉្យាង​ទៀត នា​ដំណាក់​កាល​នោះ ការ​នឿយ​ណាយ​នឹង​បញ្ហា​កម្ពុជា ពី​សំណាក់​មេ​ដឹក​នាំ​បរទេស​មួយ​ចំនួន ក៏​ដើរ​តួនាទី​សំខាន់​ណាស់​ដែរ​ក្នុង​ការ​ដែល​ធ្វើ​អោយ​គេ​មិន​សូវ​អើពើ​ពី​សកម្មភាព​របស់ លោក ហ៊ុន សែន ប៉ុន្មាន។ ខ្ញុំ​ខ្លួន​ឯង ក៏​គិត​ថា អ្វី​ដែល​កើត​ឡើង​ខុស​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នោះ ជា​រឿង​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ដទៃ​ទៀត​ក៏​គិត​ដូច​ខ្ញុំ​ដែរ។
តាំង​ពី​ពេល​នោះ​មក ដោយ​រក្សា​ប្រជាធិបតេយ្យ​តែ​សម្បក​ក្រៅ លោក ហ៊ុន សែន បាន​ក្ដោបក្ដាប់​អំណាច​គ្រប់​បែប​យ៉ាង​ទាំងអស់​ជា​របៀប​ជន​ផ្តាច់​ការ ដោយ​ស្ទើរ​តែ​មិន​យក​ចិត្ត​ទុក​ទាល់​តែ​សោះ​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ ហើយ​ដាក់​ការ​បង្ក្រាប​ដោយ​ហិង្សា ដើម្បី​ការពារ​អំណាច​លោក និង​បក្ស​របស់​លោក។
សកម្មភាព​ទាំងអស់​នេះ បាន​កើត​ឡើង​ជាមួយ​គ្នា​នឹង​អំពើ​ពុក​រលួយ ក្នុង​កម្រិត​ដ៏​គួរ​អោយ​រន្ធត់​មួយ ដោយ​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៦០ ក្នុង​ចំណោម​ប្រទេស​១៧៥ ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្រាវជ្រាវ។ នៅ​មាន​សេចក្តី​រាយការណ៍​នានា ដែល​មិន​អាច​ផ្ទៀងផ្ទាត់​បាន តែ​ទំនង​ជា​ការ​ពិត​ថា មាន​មនុស្ស​ប្រមាណ ២០​នាក់ ឬ​ច្រើន​ជាង​នេះ ដែល​ជិតស្និទ្ធ​បំផុត​ជាមួយ លោក ហ៊ុន សែន ម្នាក់ៗ​មាន​លុយ​ច្រើន​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តាម​ការ​លួច​ជាតិ តាម​សកម្មភាព​រក​ស៊ី​ខុស​ច្បាប់ និង​តាម​ការ​ផ្តល់​កុងត្រា​ផ្សេងៗ​របស់​រដ្ឋ ទៅ​អោយ​បក្ខពួក​របស់​ខ្លួន។ នៅ​មាន​ការ​បង្កើត​បណ្ដាញ​គ្រប់គ្រង​នយោបាយ​ដ៏​ធំ​សម្បើម គួរ​អោយ​អស់​សំណើច​មួយ​ទៀត ដែល​តាម​ការ​រាប់​នា​ពេល​ថ្មីៗ​នេះ​ឃើញ​ថា រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​នៃ​រដ្ឋាភិបាល​កម្ពុជា មាន​ចំនួន​ដល់​ទៅ ២៤៤​នាក់។
អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល លោក ហ៊ុន សែន និង​ដៃ​ជើង​របស់​លោក​តែង​តែ​គេច​រួច​ពី​ការ​ដែល​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ហិង្សា រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ បោក​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត និង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​គ្មាន​ការ​តតាំង​ទាំង​ពី​ខាង​ក្នុង និង​ពី​ខាង​ក្រៅ។ ក៏ប៉ុន្តែ ការ​ផ្លាស់​ប្ដូរ​ចាប់​ផ្ដើម​មាន​ហើយ​នៅ​កម្ពុជា នា​ដំណាក់​កាល​នេះ។ គណបក្ស​ប្រឆាំង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់ លោក សម រង្ស៊ី (ដែល​ពេល​នេះ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​របស់​ជាតិ ជា​ជាង​ជា​អ្នក​ដែល​ប្រឆាំង​នឹង​វៀតណាម តែ​មួយ​មុខ​នោះ) ហើយ​លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៅ​ទៀត យុវជន​ក្មេងៗ​ដែល​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន ក៏​នាំ​គ្នា​ចេញ​មុខ​ទាមទារ​អោយ​មាន​ការ​ប្ដូរ​រដ្ឋាភិបាល។
លើ​ឆាក​អន្តរជាតិ​វិញ ក៏​មាន​ចាប់​ផ្ដើម​មាន​ការ​ដាក់​សម្ពាធ ថ្វីត្បិត​តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ជា​ឧទាហរណ៍ លោក អិដ រ៉យស៍ (Ed Royce) ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​សភា​អាមេរិកាំង បាន​សុំ​អោយ លោក ហ៊ុន សែន លា​លែង​ពី​តំណែង។ សេចក្តី​សម្រេច​ចិត្ត​ថ្កោលទោស​របប លោក ហ៊ុន សែន ត្រូវ​បាន​ចេញ​ដោយ​សភា​ជាតិ​នៃ​ប្រទេស​មួយ​ចំនួន ហើយ​មាន​ប្រទេស​ជាច្រើន​ទៀត​ដាក់​បញ្ចូល​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា របស់​ខ្លួន​ជា​ផ្លូវ​ការ នៅ​ពេល​ដែល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បើក​កិច្ច​ប្រជុំ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។
ក៏ប៉ុន្តែ សំឡេង​ថ្លែង​រិះគន់​ច្រើន​ណាស់​ត្រូវ​បាន​ស្ងប់​បាត់​សំឡេង​ទៅ​វិញ។ ការ​ថ្លែង​រិះគន់​របស់​ប្រទេស​អូស្ត្រាលី ជាដើម ធាក់​ថយ​ក្រោយ​វិញ ដើម្បី​ជៀសវាង​កុំ​អោយ​ស្តាប់​ទៅ​វា​គ្រោតគ្រាត​ពេក ដោយ​គេ​ខិត​ខំ​រៀប​ពាក្យ​យ៉ាង​ណា​អោយ​ការ​រិះគន់​ទាំង​ឡាយ ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​លើក​សរសើរ។ ឧទាហរណ៍ គេ​សរសេរ​ថា គេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ហួស​ហេតុ​ទៅ​លើ​បាតុករ តែ​ទន្ទឹម​នឹង​នោះ ក៏​គេ​ថា គេ​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ជាដើម។
រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ថ្មី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) បាន​ប្រើ​សម្ដី​ដូច​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ដទៃ​ទៀត​ធ្វើ​អ៊ីចឹង​ដែរ គឺ​គាត់​ជៀសវាង​ការ​និយាយ​បែប​ណា​ដែល​មិន​ចំណេញ ហើយ​ប្រកាន់​យក​ទ្រឹស្ដី​ចាប់​ដៃ​ជា​ជាង​កៀស​ដៃ​សម​ភាគី​របស់​អ្នកស្រី​ចេញ។ នៅ​ពេល​ដែល​អ្នកស្រី​ជួប​ជាមួយ លោក ហ៊ុន សែន នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ កន្លង​ទៅ​នេះ​វា​ហាក់​ដូច​ជា​គ្មាន​ការ​រិះគន់​ធំ​ដុំ​អ្វី​ណា​មួយ ដែល​អ្នកស្រី​បាន​លើក​ឡើង​ទេ ទោះ​បី​ជា​អូស្ត្រាលី ជា​ប្រទេស​ដែល​ឈរ​ក្នុង​ស្ថានភាព​ខ្ពស់​មួយ​នៅ​កម្ពុជា ដោយសារ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ដែល​អូស្ត្រាលី បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្តិភាព ដែល​មាន​ន័យ​ថា សម្ដី​ណា​មួយ​របស់​អូស្ត្រាលី អាច​នឹង​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​ក៏ដោយ​ចុះ។
តាម​ពិត​ទៅ អាច​មាន​របៀប​ធ្វើ​ការទូត​របៀប​ស្ងប់ស្ងាត់ ដើម្បី​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​ផ្លាស់​ប្ដូរ។ ប៉ុន្តែ នៅ​ពេល​ដែល​ប្រទេស​ណា​មួយ​ប្រព្រឹត្ត​កំហុស​អាក្រក់​ច្រើន​គ្រប់គ្រាន់ និង​ប្រព្រឹត្ត​កំហុស​អាក្រក់​ទាំង​នោះ​ក្នុង​ពេល​យូរ​គ្រប់គ្រាន់ ក៏​តម្រូវ​អោយ​មាន​ការ​ស្រែក​អោយ​គេ​ឯង​គ្រប់​គ្នា​ឮៗ​ដែរ។
ខ្ញុំ​ធ្លាប់​ស្គាល់ លោក ហ៊ុន សែន និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​បាន​ល្អ​ពី​មុន​មក។ ខ្ញុំ​តែង​តែ​ខំ​ទប់​ចិត្ត​មិន​រិះគន់​លោក​ខ្លាំងៗ​ជា​សាធារណៈ​ទេ រហូត​មក​ដល់​ពេល​នេះ ដោយ​ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​មាន​សង្ឃឹម​នៅ​ឡើយ​ចំពោះ​រូប​លោក និង​រដ្ឋាភិបាល​របស់​លោក។ ក៏ប៉ុន្តែ អំពើ​របស់​លោក​វា​ហួស​ពី​ការ​ទទួល​យក​បាន​ហើយ​នៅ​ពេល​នេះ។ នេះ គឺ​ជា​ពេល​ដែល​សហគមន៍​អន្តរជាតិ​យក​ឈ្មោះ​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ទាំង​នេះ​ទៅ​បក​អាក្រាត ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​ហើយ។
លោក​អ្នក​នាង​ទើប​នឹង​បាន​អាន និង​ស្តាប់​ស្នាដៃ​និពន្ធ​មួយ​របស់ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ សូម​ជម្រាប​ថា ទស្សនៈ ឬ​យោបល់​ទាំង​នេះ ជា​របស់​អ្នក​និពន្ធ​ផ្ទាល់ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ ឬ​ជំហរ​របស់​វិទ្យុ​អាស៊ីសេរី ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

this old guy was not Khmer, so he does not know about Khmer leaders..

he just wanted to bull shit around, to get higher rated

Anonymous said...

This is a personal view from an retired Australian politician. The truth is American don't even CARE what happen in Cambodia, take a look of this article: http://world.time.com/2014/02/28/cambodia-protests-marred-by-racism-violence-detentions/

For our tiny country, this is just a mess :(

Anonymous said...

2:07 am, If you are too young or not even born yet, I am telling you that Gareth Evans was the one who initiated the Cambodian peace process in 1988 which was agreed and signed by 19 countries in 1991 which brought peace to Cambodia. So he knows what he is talking about. Hun Sen lost the UN-organized 1993 election and refused to step down and mounted a coup in 1997 to take power by force.