A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 February 2015

Nhirk Bun Chhay warns of a split within the royalist Funcinpec Party លោក​ញឹក ប៊ុនឆៃ ព្រមាន​ពី​ការ​បែក​បាក់ ហ៊្វុនស៊ិនប៉ិច​ជាថ្មី (ញ៉ឹក ប៊ុនឆៃអើយ ធ្វើមេតាំងពី២៦កៅអីរហូតដល់សូន្យ ដូច្នេះល្មមឈប់ទៅ!)

លោក ញឹក ប៊ុនឆៃ ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ម្សិលមិញ។
លោក ញឹក ប៊ុនឆៃ ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ម្សិលមិញ។
ភ្នំពេញ: គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ទើប​បង្រួប​បង្រួម​គ្នា​សារ​ជាថ្មី​ជាមួយ​នឹងការ​យាង​មក​ធ្វើ​ជា​ព្រះ​ប្រធាន​របស់ សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ​នោះ កាល​ពី​ម្សិល​មិញ​លោក ញឹក ប៊ុនឆៃ អនុ​ប្រធាន​ទី​២ នៃ​គណបក្ស​រាជា​និយម​មួយ​នេះ បាន​ព្រមាន​ថា ហ៊្វុនស៊ិនប៉ិច អាច​នឹង​ត្រូវ​បែក​បាក់​គ្នា​ជា​ថ្មី ប្រសិន​បើ​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ទេ។
ថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃសុក្រ លោក ញឹក ប៊ុនឆៃ បាន​និយាយ​រិះ​គន់​ចំៗ ចំពោះ​ទង្វើ​និង សកម្មភាព​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​បាន​សម្រេច​អ្វី មិន​ឆ្លង​កាត់ អនុប្រធាន​ទី១ និង​ទី២ នៃ គណបក្ស និង​ថ្នាក់​ដឹក​នាំ​បក្ស​ដទៃ​ទៀត ព្រម​ទាំង​បាន​ប្រកាស​ប្រឆាំង​ដាច់​អហង្កការ ជាមួយ​សម្តេច​ក្រុម​ព្រះ ​មិន​ឲ្យ​មាន​ការ​ប្តូរ​រូប​សញ្ញា​គណបក្ស និង​ការ​រំលាយ​គណៈកម្មការ​នាយក គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​រំលាយ​សមាសភាព​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​នោះ​ឡើយ។
លោក​ ញឹក ប៊ុន ឆៃ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​មិន​គំាទ្រ​សម្តេច​ក្រុម​ព្រះ​ក្នុង​ការ ​ប្តូរ​រូប​សញ្ញា​របស់​គណបក្ស និង​ការ​រំលាយ​គណៈកម្ម​ការ​នាយក និង គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់ និង​ដាក់​បញ្ចូល​នូវ​សមាជិក​ថ្មី ដែល​ជា​មនុស្ស​របស់​ព្រះអង្គ​និង​ជា​គណៈកម្មការ​នាយក​របស់ គណបក្ស សង្គម​រាស្ត្រ​រាជាធិប​តេយ្យ​នោះ​ទេ»។
លោក​បាន​បន្ត​ថា៖ «ខ្ងុំ​មិន​ចង់​ឃើញ​រាជ​វង្ស វាយ​ប្រហារ​គ្នា​នោះ​ទេ ហើយ​ដែល​មាន​បក្ស​មួយ​ដឹក​នាំ ដោយ​សម្តេច​ក្រុម​ព្រះ បក្ស​មួយ​ដឹក​នាំ​ដោយ សម្តេច​ព្រះ​អនុជ​រាជ​បុត្រី ព្រះអង្គ​ជា​រាជ​វង្ស ដែល​ជា​បុត្រ​ព្រះ​ករុណា​ដូច​គ្នា ហើយ​មក​វាយ​ប្រហារ​គ្នា​នោះ។ ខ្ញុំ​វា​អត់​ចង់​ឃើញ ខ្ញុំ​ជា​អ្នក​រាជា​និយម........។ បើ​យើង​មាន​ការ​រួប​រួម​គ្នា​គឺ​យើង​រស់ បើ​គ្មាន​ទេ​គឺ​យើង​ស្លាប់ ។ ហើយ​ខ្ញុំ ក៏​មិន​មាន​គំនិត ដើរ​ចេញ​ពី​គណបក្ស​នេះ​ផង​ដែរ អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​បាន​នោះ គឺ​ការ​បង្រួប​បង្រួម ដើម្បី​ទាញ​សំឡេង រាជា​និយម និង​អ្នក​សីហនុ​និយម​មក​វិញ។ តែ​យ៉ាង​ណា​ក៏​ចំពោះ គោល​បំណង របស់​សម្តេច ក្រុម​ព្រះ​នរោត្តម រណ ឫទ្ធិ ដែល​ចង​ផ្លាស់​ប្តូរ ឡូហ្គោ (Logo) ( ស្លាក)របស់​គណបក្ស និង​ការ​រំលាយ​គណៈ​កម្មការ​នាយក និង គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​ចោល​នោះ ខ្ញុំ និង​មន្រ្តី​មូល​ដ្ឋាន​មិន​ព្រម​នោះ​ឡើយ»។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​ ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា លោក​មិន​មាន​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ក្រុម​ព្រះ​នោះ​ទេ។ គោល​បំណង​របស់​លោក​គឺ លោក​ចង់​ឲ្យ​មាន​ការ​បង្រូប​បង្រួមគ្នា ជា​ធ្លុង​មួយ ដើម្បី​ប្រមូល​រាជានិយម និង​អ្នក​សីហនុ​និយម​មក​វិញ និង​ដើម្បី​ការពារ​រាជវង្សានុវង្ស​តែ​ប៉ុណ្ណោះ។
នៅ​ពេល​​សួរ​​ថា តើលោក​​នឹង​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ទេ ប្រសិន​បើ​សម្តេច​ក្រុម​ព្រះ​មិន​អាច​បង្រួប​បង្រួម និង​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​នោះ ហើយ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច នឹង​ត្រូវ​បាន​បែក​បាក់​ជា​ថ្មី​ទៀត​នោះ? លោក​ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​មិន​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ហើយ​គណបក្ស​ប្រឆាំង ក៏​ខ្ញុំ​មិន​ចូល​នោះ​ដែរ ពីព្រោះ មេដឹកនាំ គណបក្ស​ប្រឆាំង​ទាំង​នោះ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់។ ដូច្នេះ ខ្ញុំ​មិន​ទៅ​ណា​ចោល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ​ទេ។ ខ្ញុំ​នៅ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច»
ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ ខាង​លើ​នេះ លោក ញេប ប៊ុនឈិន ជំនួយ​ការ​ផ្ទាល់​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​ជា​អ្នក​នាំពាក្យ​នៃ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ច្រាន​ចោល​ទាំង​ស្រុង ចំពោះ​ការ​លើក​ឡើង​របស់​លោក​ញឹក ប៊ុនឆៃ និង​ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា៖ «អ្នក​ដែល​មិន​ប្រជាធិបតេយ្យ​នោះ គឺ​លោក ញឹក ប៊ុន​​ឆៃ​នេះ​ឯង»
លោក ញេប ប៊ុនឈិន បាន​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​សម្តេច​ក្រុម​ព្រះ ក្នុង​នាម ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពុំ​បាន​រំលាយ​គណៈកម្មការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​ចោល​នោះ​ទេ។ ក៏​ប៉ុន្តែ ព្រះអង្គ បាន​បង្កើត​គណកម្មការ​មួយ ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​កែ​សម្រួល​រចនា​សម្ព័ន្ធ​បក្ស​ឡើង​វិញ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ និង​គោល​នយោបាយ​គណបក្ស ព្រមទាំង​បាន​បង្កើត​លក្ខន្តិកៈ​ថ្មី​មួយ សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស ដែល​គ្រោង​នឹង​ប្រព្រឹត្ត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
មន្ត្រី​ជាន់​ខ្ពស់​នៃ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មួយ​រូប​ដែល​សុំ​មិន​ឲ្យ​ប្រើ​ឈ្មោះ បាន​និយាយ​ថា នៅ​ពេល​ថ្មីៗ​នេះ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​ប្រកាស​រំលាយ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ចំនួន ២៣​រូប និង គណៈកម្មការ​នាយក ២៥៣​រូប​និង​បាន​រៀប​ចំ​ឡើង​វិញ​ត្រឹម​តែ​ចំនួន ២៧​រូប​ដែល​សុទ្ធ​ជា​មនុស្ស​ថ្មី​ទាំង​អស់ និង​មិន​បាន​ដាក់​សមាជិក​ចាស់ ចូល​វិញ​ទេ ព្រម​ទាំង​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ ថ្នាក់​មូល​ដ្ឋាន​ថ្មី​ទាំង​អស់​ផង​ដែរ ។ មិន​តែ​ប៉ុណ្ណោះ ព្រអង្គ​បាន​បញ្ជា​ឲ្យ​ទម្លាក់​ស្លាក​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ចាស់​នោះ​ចុះ​ទាំង​អស់ ហើយ​រង់​ចាំ​លើក​ស្លាក​គណបក្ស​ថ្មី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាស់ៗមួយ​ចំនួន​ដែល​មិន​មាន​ឈ្មោះ​នោះ ​នាំ​គ្នា​តវ៉ា​ទៅ​លោក​ញឹក ប៊ុនឆៃ។
លោក ញឹក ប៊ុនឆៃ អាច​នឹង​ជួប​ពិភាក្សា​ជាមួយ​សម្តេច​​ក្រុម​​ព្រះ​នរោត្តម រណឫទ្ធិ នៅថ្ងៃសៅរ៍​នេះ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស។

No comments: