A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 April 2015

លោក ហ៊ុន សែន ព្រមាន​លុប​ចោល​វប្បធម៌​សន្ទនា​បើ​លោក កឹម សុខា នៅ​តែ​បន្ត​រិះគន់



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូប​ពាក់​មួក) ដើរ​ជាមួយ​គ្នា​ក្នុង​ពិធី​បើក​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ដោយ ម៉ម មុនីរតន៍
2015-04-29 RFA


មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ខ្លួន​នៅ​តែ​បន្ត​គាំទ្រ​ឲ្យ​មាន​វប្បធម៌​សន្ទនា និង​មាន​គោល​នយោបាយ​មិន​ងាករេ​ឡើយ។ ការ​ប្រកាស​ជំហរ​ដូច​នេះ​របស់​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ព្រមាន​លុប​វប្បធម៌​សន្ទនា​នេះ​ចោល ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បណ្តោយ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា បន្ត​វាយ​បក​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រិះគន់​មិន​សំចៃ​មាត់​នៅ​សាធារណៈ​ទៀត​នោះ។

ការ​ប្រកាន់​ជំហរ​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ទំនង​មិន​ចង់​ឲ្យ​មាន​ភាព​ល្អក់​កករ ឬ​មាន​ការ​ប្រេះឆា​នៃ​ទំនាក់ទំនង​ល្អ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​កកើត​បាន​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។

ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ជុំវិញ​ការ​រក្សា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​លុប​វប្បធម៌​សន្ទនា​ចោល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ទី​២ របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុង​ខេត្ត​ព្រះសីហនុ។

មូលហេតុ​ដែល​នាំ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​រហូត​ព្រមាន​លុប​ចោល​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ បន្ទាប់​ពី លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​២០ មេសា នា​ខេត្ត​កំពង់ឆ្នាំង។ លោក ហ៊ុន សែន អះអាង​ហើយ​អះអាង​ទៀត​ថា មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សារ​នយោបាយ​របស់ លោក កឹម សុខា កាល​ណោះ​ដែល​និយាយ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត នឹង​មិន​សងសឹក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ លោក ហ៊ុន សែន ចាត់​ទុក​ថា តើ​ការ​អះអាង​របស់ លោក កឹម សុខា ថា​ឈ្នះ​ហើយ​មិន​សងសឹក​នោះ សំអាង​លើ​មូលដ្ឋាន​អ្វី?



លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​នាយក​រដ្ឋមន្ត្រី​តែង​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ថា​គឺ​តែង​នៅ​ក្រៅ​សង្វៀន​នៃ​វប្បធម៌​សន្ទនា​នោះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​២៩ មេសា។

បើ​ទោះ​ជា​បែប​ណា លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​យ៉ាង​ខ្លី​ថា ជំហរ​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​មាន​ភាព​ច្បាស់លាស់​ហើយ​ក្នុង​ការ​រក្សា​វប្បធម៌​សន្ទនា។ ក្រៅ​ពី​នេះ លោក យឹម សុវណ្ណ ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ ដោយ​លោក​អះអាង​ថា គណបក្ស​ប្រឆាំង​កំពុង​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​ដោយ​មិន​ងាករេ​ទេ។ លោក យឹម សុវណ្ណ បន្ត​ថា «គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជំរុញ​លើក​កម្ពស់​វប្បធម៌​សន្ទនា ហើយ​យើង​បាន និង​កំពុង​ធ្វើ​កិច្ចការ​ទាំងអស់​ហ្នឹង»។

ជុំវិញ​រឿង​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ផ្តល់​ពេលវេលា​ឲ្យ លោក កឹម សុខា បន្ត​រិះគន់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត​នោះ លោក​នឹង​បញ្ចប់​នូវ​វប្បធម៌​សន្ទនា គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក ហ៊ុន សែន ថែម​ទាំង​បាន​ប្រៀបធៀប​ទៀត​ថា ជីវិត​នយោបាយ គឺ​មិន​ខុស​គ្នា​ពី​ក្រុម​បាល់​ទាត់​នោះ​ទេ។ ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​សំដៅ លោក កឹម សុខា ដែល​លោក​យល់​ឃើញ​ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​វាយ​បក​មិន​ឈប់​ឈរ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន បន្ត​ថា «អ៊ីចឹង​សូម​ផ្តាំ​ផ្ញើ​សូម​ឯកឧត្តម សម រង្ស៊ី អប់រំ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​បាន។ បើ​ឯកឧត្តម​ធ្វើ​មិន​បាន​ទេ ខ្ញុំ​ក៏​អា​វប្បធម៌​សន្ទនា​ហ្នឹង គឺ​លុប​ចោល​ក៏​ត្រូវ​លុប​ចោល​ក៏​លុប​ទៅ។ កើត​ហើយ​បើ​វា​ងាប់​ទៅ​វិញ ឲ្យ​វា​ងាប់​ទៅ ព្រោះ​កើត​ហើយ​វា​ត្រូវ​របួស​នៅ​កំពង់ឆ្នាំង។ មិន​អ៊ីចឹង កើត​ជាមួយ​គ្នា​នៅ​សៀមរាប ដល់​មក​ងាប់​ត្រូវ​របួសៗ​នៅ​កំពង់ឆ្នាំង ហើយ​ប្រើ​ពាក្យ​សម្ដី​បែប​ហ្នឹង តើ​ឲ្យ​គេ​តបត​ទេ?»។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សាម អ៊ីន សមាជិក​ស្ថាបនិក​របស់​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ និង​ជា​អ្នក​វិភាគ​សង្គម​ផង យល់​ឃើញ​ថា ការ​ពិត​វប្បធម៌​សន្ទនា​នេះ​វា​ពុំ​មែន​ជា​អ្វី​ដែល​ថ្មី​សម្រាប់​បរិបទ​នយោបាយ​នៅ​កម្ពុជា ទេ គឺ​គ្រាន់​តែ​ផ្លាស់ប្ដូរ​រូបភាព​នៃ​ចរន្ត​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប្រសិន​បើ​វប្បធម៌​សន្ទនា​នេះ​អាច​ត្រូវ​បាន ​លោក ហ៊ុន សែន លុប​ដូច​ការ​ព្រមាន​មែន ក៏​មិន​ជា​បញ្ហា​អ្វី​ឡើយ។ លោក​បន្ត​ថា ព្រោះ​វប្បធម៌​សន្ទនា​នេះ​កើត​ឡើង​ដោយ​បង្ខំ និង​ក្នុង​ស្ថានភាព​មួយ​ទាល់ច្រក​ប៉ុណ្ណោះ។ លោក សាម អ៊ីន បន្ត​ថា «ការ​ព្រួយ​បារម្ភ​ខ្លាំង​ថា​វប្បធម៌​សន្ទនា​នេះ​វា​កើត​ឡើង​ដោយ​ភាព​ទាល់ច្រក ដោយ​ខ្វះខាត​សុចរិត​ភាព។ វា​អាច​បង្កប់​នូវ​កលល្បិច​នយោបាយ។ អ៊ីចឹង​ហើយ​សម្រាប់​ខ្ញុំ​ដូចជា​គិត​ថា​មិន​ជា​រឿង​ចម្លែក​ទេ តាម​មើល​បទពិសោធន៍​កន្លង​មក»។

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ប្រកាន់​គោលការណ៍​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច និង​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ម្តង​ទៀត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

How Ken Sokha come to powers with such savage attitude..? If you denies dialogue it mean You kem wants chaos and extremist acts...nature doesn't allow human to compete..if you compete you will do what ever it take just to win your opponent..like pol pot does right? And it is a hostility way of animals practice right? The nature are supports the form of creative to win your opponent..you got to do something better faster and greater than hun sen...you must work really hard the hardest work in the worlds ....right? Not critics, not hostile and No demagogy policy...am I right kem sok svar...? Mike