A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 29 August 2015

លោក វ៉ា គឹមហុង ប្រតិកម្ម​នឹង​លោក អ៊ុំ សំអាន បកស្រាយ​រឿង​ផែនទី​នៅ​សភា​អាមេរិក

ដោយ សេក បណ្ឌិត
2015-08-28 rfa

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។
RFA

បញ្ហា​ផែនទី​ទាក់ទង​នឹង​​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង បើ​ទោះ​បី​ជា​អង្គការ​សហប្រជាជាតិ​បាន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី​មក​ផ្ទៀងផ្ទាត់​គ្នា​រួច​ហើយ​ក្តី។

មន្ត្រី​រដ្ឋាភិបាល​ចាប់​ផ្ដើម​ប្រតិកម្ម​ជា​ថ្មី​ទៀត​ទាក់ទង​បញ្ហា​ផែនទី បន្ទាប់​ពី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បកស្រាយ​អំពី​ផែនទី​ដែល​លោក​ទទួល​បាន​ពី​បណ្ណាល័យ​សភា​អាមេរិក ថា អាច​ខុស​គ្នា​នឹង​ផែនទី​របស់​រដ្ឋាភិបាល។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា បាន​ធ្វើ​សន្និសីទ​កាសែត​បដិសេធ​ការ​អត្ថាធិប្បាយ​របស់​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក វ៉ា គឹមហុង កុហក​ក្នុង​រឿង​​សុំ​ចម្លង​ផែនទី​ពី​បណ្ណាល័យ​សភា​អាមេរិក។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក​ថា លោក​បាន​មក​រក​ផែនទី​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​​វ៉ាស៊ីនតោន (Washington DC) ហើយ​បាន​រក​ឃើញ និង​ទទួល​ផែនទី​បោន​របស់​កម្ពុជា ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី ឌីជីថល (Digital) និង​ផែនទី​ក្រដាស។ លោក​ថា ផែនទី​ទាំង​នេះ​ប្រហែល​ជា​អាច​សម្ដេច​តា​យក​មក​សុំ​ឲ្យ​សហរដ្ឋអាមេរិក ទទួល​ស្គាល់​ខ្សែ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​១៩៦៤។ ផែនទី​ទាំង​នេះ​គ្មាន​ត្រា​យួន និង​ហត្ថលេខា​លោក ឌិត មុន្ទី និង​លោក លីវ វ៉ាន់ឡឺយ ឆ្នាំ​១៩៨៥ ដូច​ផែនទី​រដ្ឋាភិបាល​ទេ។ លោក​បន្ត​ថា លោក វ៉ា គឹមហុង កុហក​ថា គាត់​មក​យក​ផែនទី​នៅ​ទី​នេះ​ជាន់​ទី​៥ តាម​ពិត​ផែនទី​នៅ​ជាន់​ក្រោម​ដី មិន​មែន​នៅ​ជាន់​ទី​៥ ដូច​លោក វ៉ា គឹមហុង និយាយ​ឡើយ ហើយ​ប្រហែលជា​គាត់​មិន​បាន​មក​រក​ផែនទី​នៅ​ទី​នេះ​ទេ។



ត្រង់​ចំណុច​នេះ លោក វ៉ា គឹមហុង ប្រតិកម្ម​ថា ជា​ការ​មួលបង្កាច់​រូប​លោក​ទាំង​ស្រុង ពីព្រោះ​លោក​មិន​ដែល​បាន​និយាយ​ថា លោក​យក​ផែនទី​នៅ​អគារ​ណា ជាន់​ទី​ប៉ុន្មាន​នៅ​សហរដ្ឋអាមេរិក នោះ​ទេ តាម​ពិត​លោក​គ្រាន់​តែ​និយាយ​ថា ផែនទី​ដែល​យក​មក​នោះ គឺ​ទុក​នៅ​កន្លែង​ធ្វើ​ការ​លោក​នៅ​ជាន់​ទី​៥ ប៉ុណ្ណោះ៖ «ខ្ញុំ​គ្រាន់​តែ​និយាយ​ថា​អ៊ីចេះ​ទេ ថា​ផែនទី​នេះ​យើង​មាន​យូរ​ហើយ យើង​ដាក់​នៅ​ទីស្នាក់ការ​របស់​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ជាន់​ទី​៥ ព្រោះ​ជា​ជាន់​ដែល​គេ​រក ខ្ញុំ​ទុក​នៅ​កន្លែង​ហ្នឹង ហើយ​គាត់​ទៅ ថា​ខ្ញុំ​រក​ឃើញ​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក នៅ​ជាន់​ទី​៥ ទៅ​វិញ​ គាត់​និយាយ​ប្រកាច់ប្រកិន​អ៊ីចឹង»។

លោក​បន្ត​ថា ផែនទី​ដែល​លោក អ៊ុំ សំអាន ទើប​ទទួល​បាន និង​កំពុង​រំភើប​នោះ គឺ​រដ្ឋាភិបាល​មាន​តាំង​ពី​ជាង ១០​មុន​ម្ល៉េះ។

លោក វ៉ា គឹមហុង បាន​ហៅ​ការ​ថ្លែង​របស់​លោ អ៊ុំ សំអាន ម្តង​ហើយ​ម្ដង​ទៀត​អំពី​បញ្ហា​ផែនទី​ដោយ​មិន​ទទួល​យក​លទ្ធផល​ផ្ទៀងផ្ទាត់​ផែនទី​កន្លង​មក​នោះ គឺ​ជា​ការ​ញុះញង់​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​អន្តរជាតិ នាំ​ឲ្យ​មាន​អស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន និង​អស្ថិរភាព​ដល់​សង្គម​ជាតិ​ទាំង​មូល។ លោក​ព្រមាន​ទៀត​ថា ទង្វើ​ទាំង​នេះ​មិន​អាច​អត់​អោន​ឲ្យ​បាន​ទេ៖ «ឥឡូវ​គេ​ថា​បាត់​ប៉ុន្មាន​ពាន់​ម៉ែត្រ​ការ៉េ​ទៀត? គឺ​ថា​និយាយ​ផ្ដេសផ្ដាស ជា​ការ​ញុះញង់​ធ្វើ​ឲ្យ​គេ​លែង​ទុក​ចិត្ត​មក​លើ​រដ្ឋាភិបាល ធ្វើ​ឲ្យ​ចលាចល​ក្នុង​សង្គម​ជាតិ»។

នៅ​រសៀល​ថ្ងៃ​ទី​២៨  ខែ​សីហា លោក អ៊ុំ សំអាន ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ថ្លែង​របស់​លោក វ៉ា គឹមហុង ក្នុង​សន្និសីទ​កាសែត​ថា យ៉ាង​ណា​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​ផែនទី​នេះ​ដែរ ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច កាល​ពី​ថ្ងៃ​ទី​២៧ សីហា ផ្ញើ​លិខិត​ជូន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ខ្ចី​ផែនទី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​ក្រុម​ស្រាវជ្រាវ​ទទួល​បាន​ពី​ភាគី​នានា។ ​ឆ្លើយ​តប​រឿង​នេះ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា លោក​នឹង​រៀបចំ​ជូន​តាម​សំណើ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ សីហា បាន​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្លួន​ទទួល​បាន​ពី​ភាគី​នានា​រួច​ហើយ ក្នុង​នោះ​រួមមាន​ផែនទី​របស់​រដ្ឋាភិបាល​ចំនួន ២៦​ផ្ទាំង​ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៤​ផ្ទាំង ផែនទី​ពី​បណ្ណាល័យ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ចំនួន ២៦​ផ្ទាំង ផែនទី​ពី​អង្គការ​សហប្រជាជាតិ ចំនួន ១៨​ផ្ទាំង និង​ផែនទី​ពី​បណ្ណាល័យ​វិទ្យាស្ថាន​ភូមិសាស្ត្រ​ជាតិ​បារាំង ចំនួន ២៦​ផ្ទាំង។ ក្រោយ​ការ​ផ្ទៀងផ្ទាត់​ក្រុម​ស្រាវជ្រាវ​អះអាង​ថា ផែនទី​ទាំង​អស់​គឺ​សុទ្ធតែ​ដូចគ្នា​ទៅ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

1 comment:

Unknown said...

ឆ្កែ វា៉ គិមហុង កំពុងប្រើឥទ្ធិពលសំឡុត អោយពួកCPP មានចារិកដូចគ្នា ហើយអួតផាខ្លួនជាបង្រួបបង្រួមជាតិ ឬ ស្នេហាជាតិ តែអ្វីៗជាក្លែងបន្លំបោកប្រាស នឺងឃោសនាបំ ភាន់មតិសាធារណៈ អោយប្រជាពលរដ្ឋយល់ច្រឡំ សព្វផ្ងៃគេកំពុងលេងឆាកល្បែងបំបែកអ្នកស្នេហាជាតិ ដោយជួលពួកអ្នកដែលគាំទ្រតាមfacebookឬអ្នកមានប្រជាប្រីយ ដូចជាលោកម្នាក់ធ្លាប់ដឺកនាំខាងកសិកម្មឥឡូវត្រូវឈប់ផ្នែកកសិកម្មមកឈរឈ្មោះជាគណបក្សមួយដើម្បីបំបែកសន្លឺកឆ្នោត យើងធ្លាប់ដឺងហើយបក្សផ្មីមិនដែលបានសន្លឺក ឆ្នោតច្រើនទេ តែគេចង់បំបែកជាចំណែកៗ ដើម្បីកុំអោយបក្សសង្រ្គោះជាជាតិមានអ្នកគាំទ្រសន្ធឺកសន្ធាប់ដូចមុនឦដោយមានលោក ម៉ម សាណន់ដូ,មកជួយវាយបំបាក់,ឯ សួន សេរិរដ្ឋា នឺង ខិម វាសនា ជាមនុស្សឡប់ៗ មិនអាចមានអ្នកគាំទ្រច្រើនទេ នឺងមានបក្សដ៏ទៃជាច្រើនទៀត ដូច្នេះបងប្អូនអ្នកស្នេហាជាតិត្រូវប្រុងប្រយ័ត្តចាញ់ឃោសនាពួក ដៃជើងហុនសែន នេះជាល្បិចដែលហុ៊នសែនយកមកប្រើក្នុងពេលនេះ បើពួកគេប្រាកដជាស្នេហាជាតិដូចគេប្រកាសជារឿយៗមែន គេនឺងមករួបរួមជាមួយបក្សសង្រ្គោះជាតិ ដើម្បីវាយសត្រូវតែមួយទាំងអស់គ្នា ព្រោះសត្រូវរបស់យើងជាបុរសខ្លាំង គេគ៏ដឺងដែរ ។