A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 29 August 2015

ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ថា​សកម្មភាព​ដឹក​ឈើ​ប្រណីត​ចេញ​ទៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន

ដោយ​ សូត សុខប្រាថ្នា
2015-08-28 rfa
ផែនទី​ខេត្ត​ត្បូងឃ្មុំ
Photo: RFA

សកម្មភាព​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​នានា នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​តែ​បន្ត​កើត​មាន​ឡើង។ ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ​ថា ​វាសនា​ព្រៃ​ឈើ​ខ្មែរ​នឹង​វិនាស ប្រសិន​បើ​មិន​មាន​ការ​ទប់ស្កាត់ ឬ​មន្ត្រី​ពាក់ព័ន្ធ​បន្ត​បំពេញ​ការងារ​ដោយ​មិន​មាន​តម្លាភាព។

ប្រជាពលរដ្ឋ​អះអាង​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​ទាំង​ធំ ទាំង​តូច សម្រុក​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ទាំង​ថ្ងៃ ទាំង​យប់ ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ហាក់​មិន​សូវ​អើពើ​សោះ។ ពេល​ខ្លះ​រថយន្ត​ដឹក​ឈើ​ប្រណីត​ទាំង​នោះ​ក្រឡាប់​ចេញ​ឈើ​ច្រើន​សន្ធឹកសន្ធាប់ ក៏​ប៉ុន្តែ​ចុង​ក្រោយ​ឈើ​ទាំង​នោះ​ត្រូវ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម បាន​យ៉ាង​ស្រួល​ដដែល ដោយ​អាជ្ញាធរ​គ្រាន់តែ​បញ្ជាក់​ថា ឈើ​នោះ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។

ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ដោយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ ឱ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​ទេ​តើ​ឈើ​ទាំង​នោះ​ស្រប​ច្បាប់ ឬ​យ៉ាង​ណា ប៉ុន្តែ​លោក​គ្រាន់​តែ​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​ដោយ​មាន​ខ្លះ​ចំហ ឬ​គ្រប់​តង់​ជិតៗ បន្ត​សកម្មភាព​គ្មាន​ឈប់​ឈរ​ឡើយ ស្ទើរ​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សម្រាន្ត​មិន​លក់​ទៀត​ផង​នៅ​ពេល​យប់៖ «អ្នក​ភូមិ​ខ្ញុំ​គេ​នាំ​គ្នា​ថា​អ៊ីចេះ និយាយ​ថា​ឃាត់​ឈើ ទប់ស្កាត់​ព្រៃឈើ ប៉ុន្តែ​ធាតុ​ពិត​ឈើ​នៅ​តែ​បន្ត​កាប់​ដដែល»។

ច្រក​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​រថយន្ត​ដឹក​ឈើ​ប្រណីត​ពេញ​និយម​ឆ្លង​កាត់​រួម​មាន ច្រក​ជ្រៃឡើង នៅ​ឃុំ​ជាំក្រវៀន ច្រក​ទន្លេចាម ច្រកដូង ៧​ដើម ច្រក​បឹងជ្រោង ឃុំ​ជើង ច្រក​ចាន់មូល ជាដើម។ ចំណែក​ឈើ​ទាំង​នោះ​វិញ ភាគ​ខ្លះ​ត្រូវ​បាន​គេ​ដឹក​ពី​ខេត្ត​មណ្ឌលគិរី ខេត្ត​កំពង់ធំ ក្រចេះ ឬ​ស្ទឹងត្រែង ដោយ​យក​ទៅ​ស្តុក​នៅ​ទឹក​ដី​វៀតណាម ក្បែរៗ​ព្រំដែន។



យ៉ាង​ណា​ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ឃុំ​ទន្លូង លោក ឈុន វុត្ថា ​លើង​ឡើង​ថា ប្រសិន​ឈើ​ទាំង​នោះ​ស្រប​ច្បាប់ ហេតុ​អ្វី​មិន​បង្ហាញ​ជា​សាធារណៈ ហើយ​ប្រសិន​បើ​ឡាន​ដឹក​ឈើ​នោះ​ក្រឡាប់​វិញ គឺ​ពួក​គេ​ហាម​ឃាត់​ពលរដ្ឋ​ដាច់​ខាត​មិន​ឱ្យ​ទៅ​ជិត ចំណែក​មន្ត្រី​អាជ្ញាធរ​ហាក់​លាក់បាំង​នៅ​ពេល​ពួក​គេ​ចុះ​ទៅ​បំពេញ​ភារកិច្ច​ទៀត​ផង។

ជាក់​ស្ដែង ឈើ​ប្រណីត​ប្រភេទ​សុក្រំ មួយ​ឡាន​ធំ ដែល​ក្រឡាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ប៉ុន្តែ​ចុង​ក្រោយ​ឈើ​ទាំង​នោះ អាច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម បាន​ដដែល ក្រោម​ហេតុផល​ថា ឈើ​នោះ​ស្រប​ច្បាប់ ស្រប​ពេល​ដែល​អ្នក​ដឹក​ឈើ​មិន​បាន​បង្ហាញ​លិខិត​ស្នាម​អ្វី​ឡើយ ម្យ៉ាង​ចំនួន​ឈើ​ដែល​គេ​ប្រាប់ គឺ​មិន​ស៊ី​គ្នា​ជាមួយ​ទំហំ​ឡាន​នោះ​ទេ៖ «លោក​សំអាង​ថា ២៥​គូប ហើយ​លោក​អត់​មាន​វាស់​វែង​សោះ​នេះ។ ប្រភេទ​ឡាន ៥​ភ្លៅ ដឹក​ឡើង​ពេញៗ»។

លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​គប្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​យក​ឈើ​ទៅ​លក់​ឱ្យ​បរទេស​បន្ត​ទៀត។ ជាង​នេះ ត្រូវ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន ព្រោះ​វា​អាច​គ្រាន់​តែ​ហេតុផល​ដើម្បី​កាប់​បំផ្លាញ​ព្រៃឈើ​ស្របច្បាប់​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ លោក ទួត វុត្ថា មិន​បាន​ឆ្លើយ​យ៉ាង​ណា​ទេ ដោយ​លោក​ថា ជាប់​ប្រជុំ។ ចំណែក​អធិការ​ស្រុក​មេមត់ លោក ហុង គីមហឿន បញ្ជាក់​ថា ខាង​លោក​មិន​មាន​ដែន​សមត្ថកិច្ច​លើ​បញ្ហា​នេះ​ឡើយ។ យ៉ាង​ណា​លោក​អះអាង​ថា លោក​មិន​ធ្លាប់​ទទួល​បាន​របាយការណ៍​​ថា មាន​បទល្មើស​ឈើ​ប្រណីត​ពី​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ទេ។

កន្លង​ទៅ​ពលរដ្ឋ​តែង​លើក​ឡើង​ថា បទល្មើស​ឈើ​ប្រណីត​មួយ​ចំនួន​ហាក់​ទទួល​បាន​ការ​គាំពារ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ ដោយ​ពួកគេ​ចេះ​តែ​បង្ក​ភាព​ងាយស្រួល​ដល់​ការ​រកស៊ី​របស់​ឈ្មួញ​ទាំង​នោះ​ជា​ថ្នូរ​នឹង​លាភ​សក្ការៈ​ជំនួស​វិញ។

ច្បាប់​ព្រៃ​ឈើ​មាត្រា ១០០ គឺ​បាន​ចែង​ពី​ទោសទណ្ឌ​របស់​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេងៗ​ទៀត គឺ​ត្រូវ​ជាប់​គុក​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិនិត្យ​ជា​ប្រាក់​ពី ១០​លាន​រៀល​រហូត​ដល់ ១០០​លាន​រៀល។ បទល្មើស​ទាំង​នោះ​រួម​មាន ធ្វើ​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​សកម្មភាព​គ្រប់​បែប​យ៉ាង​ទាក់ទង​បញ្ហា​ព្រៃឈើ។ គំរាម​កំហែង​មន្ត្រី​ជំនាញ ឬ​រារាំង​ដល់​ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជាដើម ប៉ុន្តែ​កន្លង​មក​ច្បាប់​នេះ ​មិន​បាន​អនុវត្ត​លើ​មន្ត្រី​ទុច្ចរិត​ទាំង​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ូ យាន ហ៊ាន​អះអាង​ថា ឈើ​ដែល​ឆ្លង​កាត់​ទៅ​ប្រទេស​វៀតណាម គឺ​ជា​ឈើ​ខុស​ច្បាប់ ព្រោះ​សកម្មភាព​ដឹក​ចេញ​របស់​ពួក​គេ​ធ្វើ​ឡើង​ជា​លក្ខណៈ​លួចលាក់។

លោក​បន្ត​ថា ​លោក​ធ្លាប់​បាន​លើក​ឡើង​បញ្ហា​នេះ ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់​តែ​គ្មានប្រយោជន៍​ ក្រោម​ហេតុផល​ថា ឈើ​ទាំង​នោះ​គេ​មិន​មែន​កាប់​នៅ​លើ​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ៖ «យើង​ចេះ​តែ​ជំរុញ​គាត់​ឱ្យ​ខិតខំ​ធ្វើ ព្រោះ​អ្វី​ដែល​ជា​ការ​ឆ្លង​កាត់ គឺ​ជា​បទល្មើស ព្រោះ​ប្រសាសន៍​នាយករដ្ឋមន្ត្រី​ថា បើ​សិន​ទប់​ស្កាត់​បទល្មើស​មិន​បាន នឹង​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល»។

លោក​ឱ្យ​ដឹង​ទៀត​ថា ករណី​ឈើ​ប្រណីត​ឆ្លង​កាត់​នេះ អាច​នឹង​មាន​អំពើ​ពុករលួយ​ផង ទើប​ខាង​ លោក​គ្រោង​នឹង​ប្រមូល​ភស្តុតាង​ឱ្យ​បាន​ច្រើន​​ដើម្បី​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​​រដ្ឋសភា និង​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ស៊ើប​អង្កេត​តែម្ដង៕

No comments: