A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 September 2015

ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ជាង​១០០​នាក់​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ហាម​មិន​ឲ្យ​ឆ្ការ​ព្រៃ​យក​ដី​សហគមន៍

ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ជាង​១០០​នាក់​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ហាម​មិន​ឲ្យ​ឆ្ការ​ព្រៃ​យក​ដី​សហគមន៍
ដោយ ម៉ែន សុធីរ
2015-09-28 rfa



ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា តវ៉ា​ប្រឆាំង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ជំនាញ ដែល​បាន​ហាម​អ្នក​ភូមិ​មិន​ឲ្យ​កាប់​ឆ្ការ​ព្រៃ​សហគមន៍​ស្រែគរ ដើម្បី​យក​ដី​ធ្វើ​ចម្ការ។ ការ​តវ៉ា​នេះ ប្រជា​សហគមន៍​អះអាង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ប៉ុស្តិ៍​ស្រែគរ ទាមទារ​ឲ្យ​អ្នក​ភូមិ​ចុះ​កិច្ចសន្យា​ជាក់លាក់​ដើម្បី​បញ្ឈប់​សកម្មភាព​កាប់ឆ្ការ​ព្រៃ​សហគមន៍​ដើម្បី​យក​ដី។

ការ​តវ៉ា​នេះ​ពុំ​មាន​អំពើ​ហិង្សា និង​បាតុភាព​អ្វី​កើត​ឡើង​ជា​ដុំកំភួន​ឡើយ។ ចំណែក​ដំណោះស្រាយ​កំពុង​ឋិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​ទេ។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី សារឿន សាខុម និយាយ​ថា អ្នក​ភូមិ​មិន​យល់ព្រម​ផ្ដិត​មេដៃ​ចុះ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​កាប់​ឆ្ការ​ព្រៃ​ជា​ដាច់ខាត ដរាបណា​ដំណោះស្រាយ​នៅ​មិន​ទាន់​បញ្ចប់។ អ្នកស្រី​បារម្ភ​ថា លំនៅឋាន និង​ភូមិ​ដែល​គាត់​រស់​នៅ​បច្ចុប្បន្ន នឹង​ក្លាយ​ជា​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​គំរាមកំហែង​ដោយ​ទឹកជំនន់​បើ​ទំនប់​ដំណើរការ ដូច្នេះ​អ្នក​ភូមិ​ក៏​សម្រេច​ចិត្ត​កាប់ឆ្ការ​ព្រៃ​សហគមន៍ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត។

អ្នកស្រី​ថា ព្រៃ​សហគមន៍​ឃុំ​ស្រែគរ បច្ចុប្បន្ន ក៏​ជា​ព្រៃ​រេចរឹល ដែល​ពុំ​អាច​មាន​លទ្ធភាព​ឲ្យ​អ្នក​ភូមិ​អាស្រ័យ​ផល​ក្រៅ​ពី​យក​ដី​ធ្វើ​ចម្ការ​ដូច​មុន​ឡើយ ព្រោះតែ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​អាង​បាន​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ​តាំង​ពី​ឆ្នាំ​២០១២៖ «ខ្ញុំ​ថា​បើ​ខ្ញុំ​កាប់​ដី​ខុស​ច្បាប់ ខ្ញុំ​មិន​កាប់​លក់​ទេ ពួក​ខ្ញុំ​គ្រាន់តែ​កាប់​ចិញ្ចឹម​ជីវិត ដី​សហគមន៍​ទេ។ មិន​ឲ្យ​ពួក​ខ្ញុំ​ធ្វើ បើ​មិន​ចង់​ឲ្យ​ពួក​ខ្ញុំ​ធ្វើ ហេតុ​អី​បើ​ក្រុមហ៊ុន​មក​ធ្វើ​នោះ? វា​អស់​ហើយ នៅ​តែ​ប៉ុណ្ណឹង​ទេ ហេតុ​នេះ​ហើយ​ពួក​ខ្ញុំ​ធ្វើ​គ្រាន់​បាន​ដី​ហ្នឹង​ទុក​ឲ្យ​កូនចៅ​ខ្ញុំ​ជំនាន់​ក្រោយ»។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​នាំ​គ្នា​មក​កាប់​ឆ្ការព្រៃ​ទំហំ​ក្បាល​ដី ៣០​ម៉ែត្រ ទៅ ៩០​ម៉ែត្រ ជម្រៅ​ពី ៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ តាម​បណ្ដោយ​អម​សង​ខាង​ផ្លូវ​ចូល​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដោយ​សំអាង​ថា ដី​នោះ​ជា​បរិវេណ​ដី​ព្រៃ​សមូហភាព​សហគមន៍ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ដី​ព្រៃ​សមូហភាព​សហគមន៍​ដែល​អ្នក​ភូមិ​កាប់ឆ្ការ​អស់​ប្រហែល​ជិត ១០០​ហិកតារ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​នាំ​គ្នា​មក​កាប់​ឆ្ការ​ព្រៃ​ទំហំ​ក្បាល​ដី ៣០​ម៉ែត្រ ទៅ ៩០​ម៉ែត្រ ជម្រៅ​ពី ៥០​ម៉ែត្រ ទៅ ១០០​ម៉ែត្រ តាម​បណ្ដោយ​អម​សងខាង​ផ្លូវ​ចូល​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ដោយ​សំអាង​ថា ដី​នោះ​ជា​បរិវេណ​ដី​ព្រៃ​សមូហភាព​សហគមន៍ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ដី​ព្រៃ​សមូហភាព​សហគមន៍​ដែល​អ្នក​ភូមិ​កាប់ឆ្ការ​អស់​ប្រហែល​ជិត ១០០​ហិកតារ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤។

ព្រៃ​សហគមន៍​ឃុំ​ស្រែគរ ឬ​ព្រៃ​អ្នកតា​ដែល​នៅ​សងខាង​ផ្លូវ​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ មាន​ទំហំ​ជាង ២.៦០០​ហិកតារ ជា​តំបន់​ព្រៃ​ត្រៀម​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​សមូហភាព​សហគមន៍ ដែល​មិន​ឋិត​ក្នុង​បរិវេណ​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ស្រុក​សេសាន លោក ពន្លឺ មង្គល និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខែត្រ​ស្ទឹងត្រែង លោក ឈៀង តុលា បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​នឹង​ចាត់​ឲ្យ​មេភូមិ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​កាប់​ឆ្ការ​ព្រៃ​ដើម្បី​រៀបចំ​ឯកសារ​បទដ្ឋាន​ដាក់​ជូន​អាជ្ញាធរ​ខែត្រ​សម្រេច ក្នុង​គោលដៅ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​អ្នក​ភូមិ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត។

លោក​ចាត់​ទុក​ថា សកម្មភាព​កាប់ឆ្ការ​ព្រៃ​របស់​អ្នក​ភូមិ គឺ​ជា​អំពើ​ខុស​ច្បាប់។ តែ​ទោះ​យ៉ាង​ណា ក៏​ការ​តវ៉ា​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អហិង្សា​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​បាន​ណែនាំ​ថា យើង​ចង់​បាន​យើង​ធ្វើ​លិខិត​ស្លាកស្នាម ស្នើ​មក​ភូមិ​ឃុំ​មក ភូមិ​ឃុំ​នឹង​រត់ការ​ឲ្យ​ដើម្បី​ឲ្យ​គាត់​ក្លាយ​ជា​ស្រប​ច្បាប់។ ប៉ុន្តែ​គាត់​នៅ​តែ​ប្រើ​សិទ្ធិ​អំណាច​របស់​គាត់។ ក្នុង​នោះ​ដែរ គាត់​បាន​សហការ​គ្នា​ទាំង​ពីរ​ភូមិ ដើម្បី​តតាំង​ជាមួយ​រដ្ឋបាល​ព្រៃឈើ»។

​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​តវ៉ា និង​ក្តី​កង្វល់​របស់​ពលរដ្ឋ គឺ​ជា​មូលដ្ឋាន​ចម្បង​ដែល​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ ដោយ​ផ្ដោត​លើ​មូលដ្ឋាន​ច្បាប់៖ «បើ​តាម​យើង​អង្កេត​មើល​ទៅ គាត់​គ្រាន់តែ​កាប់​ដី​លំនៅឋាន និង​ដី​កសិកម្ម​មួយ​ចំនួន​ទេ។ អាជ្ញាធរ​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់»។

​រហូត​មក​ទល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជាង ២៥៤​គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​សរុប​ចំនួន ៥៧០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​នោះ​នៅ​ឡើយ។ ដោយ​ឡែក គោលនយោបាយ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ឋិត​ក្នុង​គម្រោង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​តាំង​ទីលំនៅ​កន្លែង​ថ្មី ក្រៅ​ពី​សំណង​ផ្ទះសម្បែង ដី​លំនៅឋាន ផលដំណាំ​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​កសិកម្ម​ជា​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ​ដូចៗ​គ្នា ក្នុង​នោះ​ប្រជាពលរដ្ឋ​ជាង ៥០​ភាគរយ​ក្នុង​ចំណោះ​អ្នក​ភូមិ​ទាំង​អស់​មិន​ទាន់​យល់​ព្រម​ទទួលយក​សំណង​នោះ​នៅ​ឡើយ៕

No comments: