A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 January 2016

"ការ​ដំឡើង​ប្រាក់​ខែ​ឱ្យ​មន្ត្រី​តុលាការ​មិន​អាច​លុប​បំបាត់​អំពើ​ពុករលួយ"


ដោយ សិរីមុនី
rfa 2016-01-29
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA                  

បាតុកម្ម តុលាការ ៦២០
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA

មន្ត្រី​នាំ​ក្រសួង​យុត្តិធម៌​និយាយ​ថា ក្រសួង​យុត្តិធម៌ ចង់​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា និង​មន្ត្រី​បម្រើ​ការងារ​ផ្នែក​យុត្តិធម៌​ដទៃ​ផ្សេង​ទៀត​ដើម្បី​អាច​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ មិន​មែន​មក​ពី​ប្រាក់ខែ​តិច​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មក​ពី​ភាព​លោភលន់​របស់​មន្ត្រី​មួយ​ចំនួន និង​ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច។

​ប្រធាន​អង្គការ​វេទិកា​អនាគត​លោក អ៊ូ វីរៈ លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​ជាដើម មិន​មែន​ជា​យន្តការ​ត្រឹមត្រូវ​ដែល​អាច​លុបបំបាត់​ការ​ប្រព្រឹត្ត​អំពើ​ពុល​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នោះ​ឡើយ ប៉ុន្តែ​អាច​ការ​លើក​ទឹក​ចិត្ត​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយ​ជា​ចៅក្រម មេធាវី ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​ជាដើម។

ការ​ទទួល​ស្គាល់​របស់​ក្រសួង​យុត្តិធម៌ ថា មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ គឺ​រឿង​ជា​ល្អ និង​អាច​ឈាន​ទៅ​រក​កំណែ​ទម្រង់​ត្រឹមត្រូវ​មួយ​នៅ​ពេល​អនាគត៖ «ប៉ុន្តែ​មិនមែន​យក​តែ​កត្តា​ប្រាក់​ហ្នឹង​តែ​មួយ​មុខ​ទេ គឺ​មាន​កត្តា​រួមផ្សំ​ដទៃ​ផ្សេង​ទៀត។ ការ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ ការ​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ផ្នែក​យុត្តិធម៌​យើង គឺ​ត្រូវ​មាន​ការ​រួម​ផ្សំ»។

លោក អ៊ូ វីរៈ បន្ថែម​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា បច្ចុប្បន្ន គឺ​កើត​ចេញ​ពី​ភាព​លោភលន់​របស់​មន្ត្រី​ក្នុង​តុលាការ។ ទន្ទឹម​នឹង​នេះ​ដែរ នៅ​ពេល​មាន​ការ​ប្ដឹងផ្ដល់​ផ្សេងៗ មិន​ថា​ដើមចោទ ឬ​ចុងចោទ​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​ឱ្យ​លុយ​ទៅ​ឱ្យ​មេធាវី ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​ជាដើម ដើម្បី​អាច​គេច​ផុត​ពី​​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់។

​នៅ​កម្ពុជា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មាន​ច្រើន​រូបភាព ដូច​ជា ការ​ស៊ី​សំណូក​សូកប៉ាន់ ការ​កេងប្រវ័ញ្ច ការ​លួច​បន្លំ ការ​សម្លុត​គំរាម បញ្ហា​បក្សពួក ឬ​គ្រួសារ​និយម និង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ​ជាដើម។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា  គណៈកម្មការ​កែ​ទម្រង់​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ នៅ​ក្រសួង​យុត្តិធម៌ ចង់​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​យុត្តិធម៌​គ្រប់​រូប ពិសេស​ចៅក្រម ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា។ ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​បម្រើ​ការងារ​ផ្នែក​យុត្តិធម៌ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​មន្ត្រី​ទាំង​នោះ​មាន​ឆន្ទៈ​ក្នុង​ការងារ និង​ធ្វើ​ឱ្យ​ការងារ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ និង​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ភាព​សមរម្យ។ ប៉ុន្តែ​លោក​ថា រហូត​មក​ទល់​នឹង​នេះ ពុំ​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ ជុំវិញ​ការ​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​ផ្នែក​យុត្តិធម៌​នេះ៖ «ប្រព័ន្ធ​តុលាការ​យើង​បច្ចុប្បន្ន​ដូច​ពាក្យ​ខ្មែរ​ថា ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា​អ៊ីចឹង។ បើ​មិន​ស៊ើប​អង្កេត​ពុករលួយ​កាន់តែ​កើន ហើយ​បើ​ស៊ើប​អង្កេត​ការ​កាន់កាប់​ប្រព័ន្ធ​តុលាការ​ដោយ​​បក្ស​កាន់​អំណាច​ កាន់​តែ​ខ្លាំង។ យល់​ល្អ​ត្រូវ​ប្ដូរ​ច្បាប់​ហ្នឹង​ចេញ ហើយ​បង្កើត​ច្បាប់​មួយ​ឱ្យ​ស្ថិត​នៅ​ក្រោម​ឧត្ដម​ក្រុមប្រឹក្សា​មួយ​ដែល​ ឯករាជ្យ​ពិត​ប្រាកដ នោះ​ទើប​មាន​ប្រសិទ្ធភាព»។

​របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ ស្ថិត​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៦៨។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​មាន​ស្ថានភាព​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ស្ថិត​នៅ​ក្រោម​មីយ៉ាន់ម៉ា និង​ឡាវ ទៅ​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល លើក​ឡើង​ថា ចៅក្រម ព្រះរាជអាជ្ញា  ក្រឡាបញ្ជី និង​មេធាវី​ដែល​ធ្វើ​កិច្ច​ការងារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ត្រូវតែ​ជា​បុគ្គល​ឯករាជ្យ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញ​មុខងារ​ជា​មន្ត្រី​យុត្តិធម៌ មិន​ពាក់​នឹង​ស្ថាប័ន​នយោបាយ​សាធារណៈ ហើយ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ ឬ​បក្ស​កាន់​អំណាច៖ «ត្រូវ​មាន​ការ​ចូល​ រួម​ពី​មហាជន ត្រូវ​បើក​សវនាការ​ជា​ចំហ ហើយ​ពេល​សម្រេច​​​ចេញ​ជា​សាលក្រម​ហ្នឹង​ត្រូវ​ផ្សព្វផ្សាយ និង​ត្រូវ​មាន​តម្លាភាព និង​ការ​អប់រំ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ពី​នីតិវិធី​ដល់​មន្ត្រី​សាធារណៈ ពិសេស​មន្ត្រី​ជាន់​ក្រោម។ កុំ​ឱ្យ​នៅ​ពេល​ពលរដ្ឋ​ទៅ​ដាក់​ពាក្យ​ប្ដឹង​ហ្នឹង ពាក់ព័ន្ធ​នឹង​ការ​បង់លុយ បង់​តាម​ការ​ប្រកាស​របស់​រដ្ឋ​មិន​អី​ទេ កុំ​ឱ្យ​តែ​បង់​លុយ​ខុស​ច្បាប់ ហើយ​កៀប​ស៊ី​ទៀត។ អ្នក​ដាក់​ពាក្យ​ប្ដឹង និង​អ្នក​រងគ្រោះ​ហ្នឹង កន្លង​មក​ធ្លាប់​រង​គ្រោះ​ដោយ​អ្នក​ច្បាប់​កៀប​ស៊ី​លុយ​តែម្ដង»។

​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា តុលាការ​ត្រូវ​តែ​ជា​ស្ថាប័ន​មួយ​ដែល​មាន​អភ័យឯកសិទ្ធិ​ពេញលេញ មាន​ឯករាជភាព និង​ត្រូវ​មិន​មាន​ការ​រំលោភ​បំពាន​ពី​ស្ថាប័ន​ផ្សេង និង​អ្នក​នយោបាយ​ជា​ដាច់ខាត ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្នុង​សង្គម​កម្ពុជា។ បន្ថែម​ពី​លើ​នេះ មន្ត្រី​ផ្នែក​យុត្តិធម៌ ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ ត្រូវ​តែ​មាន​បុព្វសិទ្ធិ និង​មាន​ភាព​ឯករាជ្យ​ក្នុង​នាម​ជា​អ្នក​ស្វែង​រក​សុចរិតភាព និង​មិន​គួរ​ឱ្យ​លុយ​ទិញ​យុត្តិធម៌​ក្នុង​សង្គម​បាន​​នោះ​ទេ៕

1 comment:

Anonymous said...

the high court judges in the US are usually appointed by the prez and confirmed by congress.. so they usually vote to uphold a ''law '' along party line... so basically they are still not independent from party influences...no matter which country you are in , money and power talk...