A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 June 2016

ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន​ចង់​ទទួល​បាន​ព័ត៌មាន​ដែល​មិន​លម្អៀង​និង​ឆ្លុះ​បញ្ចាំង​ពី​សង្គម


ដោយ ម៉ែន សុធីរ
2016-06-29
Photo: RFA

រូប​វិទ្យុ ៦១០


មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រក​ឃើញ​ថា កង្វះ​តុល្យភាព​ព័ត៌មាន គឺ​ជា​កត្តា​ចម្បង​មួយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស សេដ្ឋកិច្ច និង​វប្បធម៌។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ការ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​មាន​សារសំខាន់ ជំរុញ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ប្រសើរ​ឡើង។ ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន​កម្ពុជា អះអាង​ថា មក​ទល់​ពេល​នេះ ពួក​គេ​បាន​ទទួល​ព័ត៌មាន​ពី​វិទ្យុ ទូរទស្សន៍ និង​កាសែត​យ៉ាង​ច្រើន ក៏ប៉ុន្តែ​ព័ត៌មាន​ទាំង​នោះ​មិន​ឆ្លុះ​បញ្ចាំង​សភាព​ពិត​ក្នុង​សង្គម មិន​ឯករាជ្យ និង​មាន​និន្នាការ​លម្អៀង​រដ្ឋាភិបាល។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស​មាន​នៅ​មូលដ្ឋាន​ពួក​គេ?

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ រក​ឃើញ​ថា មនុស្ស​គ្រប់​រូប​មិន​ត្រឹម​តែ​មាន​តម្រូវ​ការ​ស្លៀកពាក់ ហូប​ចុក និង​ការ​រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​នោះ​ទេ ការ​ទទួល​បាន​ព័ត៌មាន ក៏​ជា​កត្តា​សំខាន់​ដែល​បង្ហាញ​ឲ្យ​ពួក​គេ​ជ្រាប​ពី​បរិបទ​នយោបាយ វប្បធម៌ និង​ដំណើរ​ការ​វិវឌ្ឍន៍​សង្គម​នានា។ លើស​ពី​នេះ ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ក៏​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​មួយ​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​ដែរ ប្រសិន​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ពិត និង​ឯករាជ្យ។



មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី រក​ឃើញ​ថា ការ​វិវឌ្ឍន៍​សង្គម ជំរុញ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ធំ ជ្រាប​ច្បាស់​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​តាម​រយៈ​ព័ត៌មាន​នានា ដែល​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​កាល​ពី​ជាង ១០​ឆ្នាំ​មុន។ លោក​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ ជនជាតិ​ដើម​ភាគ​តិច​ភាគ​ច្រើន​នៅ​ខេត្ត​រតនគិរី មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​វិទ្យុ ទូរទស្សន៍ និង​កាសែត​ដែល​ផ្សព្វផ្សាយ​ពី​សិទ្ធិ​សេរីភាព​ទូលំទូលាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​អាច​ទទួល​ព័ត៌មាន​តាម​រយៈ​សហគមន៍​មូលដ្ឋាន និង​ទទួល​ព័ត៌មាន​ពី​វិទ្យុ ទូរទស្សន៍​ក្នុង​ស្រុក​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល។ លោក ឆាយ ធី កត់​សម្គាល់​ថា កង្វះ​ព័ត៌មាន​ឯករាជ្យ​ក៏​ជា​កត្តា​ចម្បង ដែល​មិន​ងាយ​នឹង​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ពលរដ្ឋ​បាន​នោះ​ទេ។ បញ្ហា​នេះ​ហើយ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​គណបក្ស​ដែល​ដឹក​នាំ​រដ្ឋាភិបាល​សព្វថ្ងៃ អាច​រក្សា​បាន​នូវ​សំឡេង​ឆ្នោត​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ជាច្រើន​អាណត្តិ៖ «នៅ​ពេល​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​យល់​ដឹង​ពី​សិទ្ធិ​គាត់ ដែល​ជា​ម្ចាស់​សន្លឹង​ឆ្នោត​ក្តី ហើយ​នៅ​ពេល​នោះ គាត់​យល់​ដឹង​ពី​គោល​នយោបាយ​មួយៗ ហើយ​គាត់​សម្លឹង​ទាំងអស់​ហ្នឹង​ហើយ​ដែល​គាត់​យល់។ គាត់​នឹង​គិត​ថា បោះឆ្នោត​ជ្រើសរើស​អ្នក​ណា​ដែល​គាត់​ពេញ​ចិត្ត»។

ដូច​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ភូមិ​លើ សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង លោក ឡឹប ម៉ាអាត ឲ្យ​ដឹង​ថា លោក និង​ពលរដ្ឋ​ក្នុង​ភូមិ​ងាយ​ទទួល​ព័ត៌មាន​ក្នុង​ស្រុក​ដូចជា វិទ្យុ និង​ទូរទស្សន៍​ដែល​ផ្សាយ​មាន​និន្នាការ​លម្អៀង​ទៅ​រដ្ឋាភិបាល។ ចំណែក​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​មួយ​ចំនួន ពួក​គាត់​ពិបាក​ទទួល​បាន ហើយ​លោក​ក៏​មិន​ដឹង​ថា អាច​ស្តាប់​វិទ្យុ​ទាំង​នោះ​ដោយ​វិធី​ណា​ដែរ។ តែ​យ៉ាង​ណា លោក​ថា ពួក​គាត់​មួយ​ចំនួន​អាច​ដឹង​ព័ត៌មាន​ពិត​ខ្លះៗ​តាម​បណ្ដាញ​សង្គម។ លោក​បន្ត​ថា ពលរដ្ឋ​មួយ​ចំនួន​ក៏​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ស្តាប់ ទស្សនា និង​អាន​ព័ត៌មាន​ឯករាជ្យ​នោះ​ទេ ដោយសារ​តែ​ពួក​គាត់​គិត​ពី​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត។ លោក​កត់​សម្គាល់​ថា ច្រើន​អាណត្តិ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យជម្នះ​នៅ​ខេត្ត​ស្ទឹងត្រែង ដោយសារ​តែ​វិសាលភាព​ព័ត៌មាន​ឯករាជ្យ​មិន​ទូលំទូលាយ​ក្នុង​តំបន់៖ «ឥឡូវ​អត់​ឯករាជ្យ​ពិត​ប្រាកដ​ផង កាសែត​នេះ អ្នក​សារព័ត៌មាន​ខ្លះ​ខាត​ច្រើន»។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង គឺ​លោក ស៊ូ ទី និយាយ​ថា លោក​ចូល​ចិត្ត​ស្តាប់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) និង​បណ្ដាញ​សង្គម។ លោក​កត់​សម្គាល់​ថា សព្វថ្ងៃ​មាន​យុវជន និង​ពលរដ្ឋ​ច្រើន​ងាក​មក​តាម​ដាន​ព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការ​ពិត ហើយ​ពួក​គេ​ក៏​ពុំ​សូវ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ស្រុក​នោះ​ទេ ដោយសារ​តែ​ព័ត៌មាន​ទាំង​នោះ​ច្រើន​រង​សម្ពាធ​ពី​រដ្ឋាភិបាល។ លោក ស៊ូ ទី ប្រៀបធៀប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា​ប្រទីប​បំភ្លឺ​មួយ​ដែល​មាន​លទ្ធភាព​អាច​ឲ្យ​ពលរដ្ឋ​ជ្រាប​រឿងរ៉ាវ​ពិត​ក្នុង​សង្គម ហើយ​លោក​ក៏​ចង់​ឲ្យ​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ មាន​លទ្ធភាព​ផ្សាយ​បន្ត​ពី​វិទ្យុ អែហ្វ.អិម (FM) នៅ​ខេត្ត​ស្ទឹងត្រែង៖ «ដូចជា​យើង​ដឹង​ហេតុ​ណា​ណា​មួយៗ អ្នក​ណា​ល្អ អ្នក​ណា​អាក្រក់​ចឹង»។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ធាវី មាន​ប្រសាសន៍​ថា លោក​ពុំ​ជំទាស់​នោះ​ទេ បើ​វិទ្យុ​បរទេស​នានា​ចង់​ឲ្យ​វិទ្យុ អែហ្វ.អិម (FM) ផ្សាយ​បន្ត​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។ លោក​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​បើក​ទូលាយ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ ទាំង​ព័ត៌មាន​ក្នុង​ស្រុក និង​បរទេស ផ្អែក​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «ខ្ញុំ​ក៏​គ្មាន​សិទ្ធិ​ហាម​ឃាត់​មិន​ឲ្យ​ផ្សាយ​បន្ត​ដែរ ប៉ុន្តែ​ឲ្យ​គាត់​មើល​ច្បាប់។ អាជ្ញាប័ណ្ណ​របស់​គាត់។ គាត់​ត្រូវ​អនុវត្ត​អី​ខ្លះ​លើ​វិស័យ​ព័ត៌មាន។ សព្វថ្ងៃ​នេះ គឺ​រដ្ឋ​មិន​បាន​ហាម​ឲ្យ​ទាំងអស់ ប៉ុន្តែ​រដ្ឋ​បាន​កំណត់​ឲ្យ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ»។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មក​ទល់​ពេល​នេះ សក្ដានុពល​រលក​ធាតុ​អាកាស ឬ​ប្រេកង់​របស់​កម្ពុជា មាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ច្រើន ក៏ប៉ុន្តែ​លទ្ធភាព​ប្រើប្រាស់​ផ្សព្វផ្សាយ​ពុំ​មាន​តុល្យភាព​នោះ​ទេ។ លើស​ពី​នេះ ការ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ហាក់​មិន​ទាន់​ទូលំទូលាយ។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ជោគ​វាសនា​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ដើម្បី​បង្កើន​ចំណេះ​ដឹង​របស់​ពលរដ្ឋ ក៏​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ ឬ​រដ្ឋាភិបាល​ដែរ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទទួល​ព័ត៌មាន​ឲ្យ​ទូលំទូលាយ ហាក់​ដូចជា​ប្រឈម​នឹង​សេចក្តី​ស្លាប់​ទាំង​រស់​ដូច្នេះ​ដែរ។ លោក​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជា​ប្រភព​ចំណេះ​ដឹង​ចម្បង​ដែល​មិន​អាច​ខ្វះ​បាន ជាពិសេស​គឺ​ជ្រាប​ពី​នយោបាយ សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ជាដើម ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឲ្យ​ទូលាយ ផ្តល់​សិទ្ធិ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​អាច​មាន​លទ្ធភាព​ដំណើរ​ការ​បាន ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គម​នានា ជាពិសេស​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ។

លោក សន ជ័យ ចង់​ឃើញ​រដ្ឋាភិបាល​រក​មធ្យោបាយ​សម្របសម្រួល​ឲ្យ​មាន​តុល្យភាព ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ មិន​ថា​វិទ្យុ​បរទេស និង​ព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​សហគមន៍ ដែល​ជា​ធាតុ​ផ្សំ​សំខាន់​អាច​ជួយ​បង្កើន​ជីវភាព​រស់នៅ​ពលរដ្ឋ៖ «មនុស្យ​អាច​បដិសេធ​ការ​ពិត​បាន តែ​មនុស្ស​មិន​អាច​បដិសេធ​តម្រូវ​ការ​របស់​ខ្លួន​ទេ។ ហើយ​តម្រូវ​ការ​របស់​ខ្លួន គឺ​ជា​ព័ត៌មាន​ហ្នឹង​ឯង​ដែល​គ្រប់​ជ្រុងជ្រោយ ហើយ​ព័ត៌មាន​ដែល​អាច​ចូលរួម​ចំណែក​ដើម្បី​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ»។

នៅ​ខេត្ត​ស្ទឹងត្រែង មាន​ស្ថានីយ​វិទ្យុ អែហ្វ.អិម (FM) ក្នុង​ស្រុក​ចំនួន ៥ ដូចជា ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​បាយ័ន ស្ថានីយ​វិទ្យុ 100.5 ស្ថានីយ​វិទ្យុ​ជាតិ​សេកុង ស្ថានីយ​វិទ្យុ​ខ្មែរ​ឥសាន និង​ស្ថានីយ​វិទ្យុ 107.5៕

No comments: